UN ថា ខ្លួនត្រូវការថវិកា៣៧៥ លានដុល្លារ សម្រាប់ជួយដល់អ្នក រងគ្រោះដោយព្យុះស៊ីក្លូន នៅមីយ៉ាន់ម៉ា និងបង់ក្លាដេស

យូអិន៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនត្រូវការថវិកាចំនួន ៣៧៥លានដុល្លារដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀត ដល់មនុស្សរាប់លាននាក់ រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

សម្រាប់ប្រទេសមីយ៉ាន់ម៉ា UN កំពុងអំពាវនាវរកថវិកាបន្ថែមចំនួន ១២២លានដុល្លារ និងសម្រាប់មូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីឆ្លើយតបពី ព្យុះស៊ីក្លូននេះ ខណៈដែលថវិកាចំនួន ៤២លានដុល្លារផ្សេងទៀត គឺត្រូវការសម្រាប់ប្រទេសបង់ក្លាដែស។

មន្រ្តីសម្របសម្រួលរបស់ UN ​ប្រចាំ​នៅ​​មីយ៉ាន់ម៉ា លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន (Ramanathan Balakrishnan) បានគូសបញ្ជាក់ថា «ឥឡូវនេះយើងប្រញាប់ ផ្តល់ឲ្យប្រជាជននូវទីជំរកប្រកបដោយសុវត្ថិភាព នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបណ្តាលមកពីទឹកកខ្វក់។ ម្ចាស់ជំនួយចាំបាច់ត្រូវធ្វើការបន្ថែម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនេះ»។

សូមជម្រាបថា តំបន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសជិតខាងបង់ក្លាដែស ដែលមានជនជាតិរ៉ូហ៉ីងយ៉ារស់នៅ បានទទួលរងនូវការវាយប្រហារ ដោយព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការអំពាវនាវនេះធ្វើឡើងនៅពេលដែល អង្គការមនុស្សធម៌ ព្យាយាមចូលទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធា៕