ឯកឧត្តម ហ៊ុន ម៉ានី៖ ប៉ារ៉ាហ្គេមជាឱកាសសម្រាប់ជនមានពិការភាពក្នុងការបង្ហាញសមត្ថភាព
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា អាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ជនមានពិការភាពក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់ ដូច្នេះត្រូវបន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេមលើកទី១២ ដែលរៀបចំនៅកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងតាមរយៈទំព័របណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមថា ឯកឧត្តមនៅចាំសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ី ដែលបានលើកឡើងថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះ ចាញ់ ក៏ជាឱកាសដែលធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថាពួកគាត់ធម្មតា ដូចគេដូចឯង។
ឯកឧត្តមថ្លែងថា៖ «ឥណ្ឌូណេស៊ីនាទីចុងក្រោយធ្វើអាស៊ានប៉ារ៉ាហ្គេម ដែលគាត់និយាយមួយម៉ាត់ អាស៊ានប៉ារ៉ាហ្គេមប្រាកដណាស់ រឿងឈ្នះ រឿងចាញ់គឺជាកត្តាមួយ ក៏ប៉ុន្តែជាឱកាសសម្រាប់អត្តពលិកដែលជាជនពិការមានអារម្មណ៍ថាគាត់ធម្មតាដូចគេដូចឯងទាំងអស់»។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានគូសបញ្ចាក់ថា នៅពេលដែលអត្តពលិកដែលជាជនមានពិការភាពហ្វឹកហាត់លើវិញ្ញាសារប៉ុន្តែគ្មានឱកាសបញ្ចេញសមត្ថភាពគឺស្មើនឹងគ្មានអ្វីៗទាំងអស់ ហើយអត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តជាជាងការអាណិត ព្រមទាំងចង់ឱ្យមានការចូលរួម និងស្វែងយល់ពីពួកគាត់ ខណៈអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាព។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១ ៤២៣នាក់ និងមានប្រភេទកីឡាចំនួន១៤ ត្រូវនឹង ១៦០វិញ្ញាសា ដោយកីឡាករកីឡាការិនីកម្ពុជាចំនួន ៣១៧នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ៕