សមាជិកបក្សភ្លើងទៀនម្នាក់ទៀតសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សមាជិក និងជាបេក្ខជនតំណាងរាស្ត្រមួយរបស់បក្សភ្លើងទៀនលោក អ៊ឹង ហុកស្រ៊ាង បានស្នើសុំចុះចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាដោយសារក្នុងបក្សភ្លើងទៀនមានភាពរញ៉េរញ៉ៃបង្កើតភាពពុករលួយ និងបក្ខពួកនិយមក្នុងបក្ស។
លោក អ៊ឹង ហុកស្រ៊ាង បានលើកឡើងថាគណបក្សប្រជាជនមានគោលនយោបាយដឹកនាំច្បាស់លាស់ និងបានអភិវឌ្ឍន៍ជាតិពិតប្រាកដទើបលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សដ៏ធំនេះ។
លោកថា៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាននាំមកនូវសន្ដិភាព និងភាពរីកចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដ ហេតុដូច្នេះខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរយើង ទៅរកសុខសន្ដិភាព និងការអភិវឌ្ឍន៍ជាតិ»។
ឆ្លើយតបនឹងសំណើរចូលរួមជីវភាពនយោបាយនេះប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ផងដែរ។
សម្ដេចបានសរសេរនៅ Channel Telegram របស់សម្ដេចថា៖ «ស្វាគមន៍លោកអ៊ឹង ហុកស្រ៊ាងដែលសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
សូមជម្រាបថា មួយរយៈចុងក្រោយនេះចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនមានកាន់តែច្រើនពីសមាជិកក្រុមប្រឆាំងដោយពួកគេថា បានអស់ជំនឿនិងថ្នាក់ដឹកនាំរបស់គណបក្សខ្លួន៕