ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ បណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម អ៊ឹម ឈុនលឹម បានអានសេចក្តីសម្រេចថា “ទទួលពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គឹម សួរភីរិន្ទ តំណាងគណបក្សភ្លើងទៀនទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់”។
គ.ជ.ប កាលពីថ្ងៃ១៥ ឧសភា បានចេញសេចក្តីសម្រេចជាផ្លូវការ បដិសេធការចុះបញ្ជី គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ។ មុនមកដល់ដំណាក់កាលរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃ១៩ ឧសភា គណបក្សភ្លើងទៀនបានឆ្លងកាត់នូវរឿងរ៉ាវមួយចំនួន ។ ក្នុងនោះ ថ្ងៃ១២ឧសភា គណបក្សភ្លើងទៀនដែលបានវក់វីរត់ឯកសារខ្វះខាត តាមលក្ខខណ្ឌកំណត់ដោយគ.ជ.បនោះ លោកទាវ វណ្ណុល ជាប្រធានបក្សក៏បានសុំជួបតំណាងក្រសួងមហាផ្ទៃ ស្របពេលជួបខាងក្រសួងមហាផ្ទៃហើយ ខាងគណបក្សភ្លើងទៀនក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ដោយបង្ហាញសារក្នុងន័យគៀងគរសមាជិកខ្លួនតវ៉ា ដោយសន្តិវិធី បើសិនក្នុងករណី គ.ជ.ប មិនយល់ព្រមចុះបញ្ជីឲ្យគណបក្សខ្លួន ។
បន្ទាប់ពីមួយថ្ងៃក្រោយមក តំណាងបក្សភ្លើងទៀននេះ ទៀតសោតក៏បានស្នើសុំជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារការងារសម្តេចមានច្រើន មិនអាចជួបនាពេលអំឡុងពេលនេះ ប៉ុន្តែសម្តេចថាអាចជួបបានក្រោយបញ្ចប់ ការបោះឆ្នោតថ្នាក់ជាតិ ៕