អាជ្ញាធរក្រុងព្រះសីហនុចុះដោះស្រាយបញ្ហាទឹកសំអុយហូរលើផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការស្នើសុំ អាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយបញ្ហាទឹកសំអុយហូរលើផ្លូវសាធារណៈ តាមរយៈបណ្តាញសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣នេះ លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់ និងបរិស្ថានក្រុងព្រះសីហនុ ដោយមានកិច្ចសហការជាមួយមន្ទីសារធារណការខេត្តបានបញ្ជាក់ច្បាស់ថាចំពោះបញ្ហានេះចាំបាច់ត្រូវតែដោះស្រាយ មិនអាចបណ្តែតបណ្តោយបានទៀតទេ ដោយសារចំណុចនេះអាជ្ញាធរបានចុះមកពិនិត្យចំនួន៣ដងរួចហើយ។

លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់និងបរិស្ថានក្រុងព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាទឹកស្អុយនេះមិនអាចបង្អង់បានទៀតទេ ព្រោះវាពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យបរិស្ថាន និងសោភ័ណ្ឌភាពក្រុង ដូចនេះ ដោយមានការអនុញ្ញាតផ្ទាល់ពីលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានឲ្យ ក្រុមការងារសម្រេចដាក់គ្រឿងចក្រកាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះតែម្តង។ ដោយបឋមក្រុមការងារនឹងកោះហៅ ម្ចាស់ផ្ទះដែលបានបង្ហូរទឹកកង្វក់មកធ្វើកិច្ចសន្យា ដោយតម្រូវឲ្យភ្ជាប់បណ្តាញលូទឹកស្អុយ និងរៀបប្រព័ន្ឋលូថ្មី ដើម្បីភ្ជាប់លូមេ។

ក្រោយពីមន្ត្រីអាជ្ញាធរក្រុងអះអាងច្បាស់ៗបែបនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចខាងលើ ដែលបានរងផលប៉ះពាល់កន្លងមក បានសម្តែងអារម្មណ៍សប្បាយ រីករាយជាពន្លឹក ចំពោះអាជ្ញាធរ និង សង្ឃឹមយ៉ាងមុតមាំ លើកនេះមិនដូចលើកមុនទេទឹកស្អុយ លែងមានវត្តមាននៅមុខផ្ទះពួកគាត់ទៀតហើយ៕ ដោយ៖ ទឹង សុភាព