ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវរៀបចំពិធីថ្វាយព្រះភ្លើងនៅព្រឹកនេះ

ភ្នំពេញ ៖ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។ ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គយាងចូលរួមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ឥស្សរជននយោបាយជាច្រើនរូបទៀត ក៏អញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើង ក៏ដូចជាការថ្វាយព្រះដំណើរសម្តេចក្រុមព្រះទៅកាន់បរលោក។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កំណត់ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេសផងដែរ ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។ ពិធីកាន់ព្រះមរណទុក្ខនេះ រាជរដ្ឋាភិបាល បានកំណត់ឱ្យបង្ហូតទង់ជាតិត្រឹមកណ្តាលដង នៅតាមស្ថាប័នរដ្ឋ និងឯកជន។

ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពព្រះអង្គ បានយាងពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕