
អ៊ីស្រាអែល បើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើកំពង់ផែសំខាន់របស់ស៊ីរី
យេរ៉ូសាឡឹម ៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលមកលើកំពង់ផែ Latakia ដែលជាកំពង់ផែដ៏សំខាន់មួយរបស់ប្រទេសស៊ីរី ដោយបានបំផ្លាញកុងតឺន័រ ប៉ុន្តែមិនមានអ្នកម្នាក់ស្លាប់ និងរងរបួសនោះទេ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីយោធាស៊ីរី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានដកស្រង់សម្ដីយោធាដែល បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោង១ និង២៣នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារនេះ។ មន្ត្រីរូបនេះ បន្តថា មីស៊ីលជាច្រើនគ្រាប់បានវាយប្រហារមកលើតំបន់កុងតឺន័រនៅក្នុងកំពង់ផែ ដែលបណ្ដាលឲ្យឆេះខ្ទិចខ្ទីពេញកំពង់ផែនោះ។ ទន្ទឹមនោះ លោកថា កងការពារដែនអាកាសរបស់យើងបានព្យាយាមទប់ទល់នឹងការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ Latakia នោះផងដែរ។
គួរបញ្ជាក់ថា វាគឺជាការវាយប្រហារដ៏កម្រមួយមកលើកំពង់ផែ Latakia ដែលជាកន្លែងសំខាន់មួយរបស់ប្រទេសស៊ីរី ដែលការនាំចូលទំនិញជាច្រើនត្រូវស្តុកទុកនៅទីនោះ៕