គណបក្សមហាសាមគ្គីជាតិខ្មែរគាំទ្រសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សមហាសាមគ្គីជាតិខ្មែរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសទទួលស្គាល់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រប តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សមហាសាមគ្គីជាតិខ្មែរក៏បានធ្វើការប្រកាសថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិនអាចខ្វះបាន។
សូមជម្រាបថា គណបក្សមហាសាមគ្គីជាតិខ្មែរត្រូវបានគ.ជ.ប បដិសេធចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕