
សហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនរុស្ស៊ីហ៊ានវាយប្រហារលើអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា លោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។
ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូដ៏តានតឹងជាមួយលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ជំនួបរវាងលោក បៃដិន និងលោក ពូទីន ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានរុស្ស៊ីអាចនឹងបើកការ វាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមាន ផែនការវាយប្រហារលើប្រទេសណាមួយទេ តែថារុស្ស៊ីក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការអំពាវនាវនេះ សេតវិមានបានឲ្យដឹងថា លោក Biden បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៃសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន អំពីការកើនឡើងនៃកងកម្លាំងរបស់រុស្ស៊ីនៅជុំវិញព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងឆ្លើយតបជាមួយនឹងវិធានការសេដ្ឋកិច្ចដ៏រឹងមាំមួយលើរុស្ស៊ីចំពោះការកើនឡើងនេះ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយ និងការវិលត្រឡប់ទៅរកការទូតវិញរវាងប្រទេសទាំង២ផងដែរ។
សូមជម្រាបថា មកដល់ពេលនេះ កងទ័ពរុស្ស៊ីចំនួន ៩៤,០០០ នាក់ត្រូវបានប្រមូលផ្តុំនៅតាមព្រំដែន ដែលបណ្តាលឱ្យមានការព្រមានមួយចំនួនពីមន្ត្រីរដ្ឋបាលកំពូលលោក Biden ដែលលោកកំពុងស្វែងរកការរារាំងទីក្រុងមូស្គូពីចលនាឈ្លានពានដ៏សំខាន់ប្រឆាំងនឹងទីក្រុង Kyiv ៕