ព្រឹកនេះ ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕