សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាបចុះពិនិត្យសុខភាពមាត់ធ្មេញ ព្យាបាលធ្មេញ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន១២៧នាក់នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖ លោកស្រី ទូច សុខផៃ លេខាធិការរង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងជាអគ្គនាយិកាមន្ទីរព្យាបាលធ្មេញ ជា លាងហេង តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានដឹកនាំ លេខាធិការរង ជំនួយការប្រធាន ប្រធានផ្នែក សមាជិក សមាជិកា និងបុគ្គលិក ចុះពិនិត្យសុខភាពមាត់ធ្មេញ ព្យាបាលធ្មេញ ចែកថ្នាំដុសធ្មេញ ពិនិត្យជំងឺទូទៅ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន១២៧នាក់។

ពិធីនេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីអង្គការ ថ្ងៃថ្មី ជីវិតថ្មី និងការសម្របសម្រួលពីសមាគមសចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកអង្គរជុំ ប្រជាជនចំនួន៤ភូមិ រួមមានភូមិគោល ភូមិអំពិល ភូមិខ្ចាស់ ភូមិរការ នៅទីតាំងអង្គការផ្ទាល់ ស្ថិតនៅភូមិដូនពែង ឃុំរការ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្នុងនោះផងដែរក៏មានការចូលរួមកិត្តិយសពីលោក បេង ក្រេះ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោក ភន់ សុខុម អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ និងអាជ្ញាធរមូលដ្ឋាន។

បន្ថែមពីនោះលោកអភិបាលរងស្រុកអង្គរជុំបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខភាពឲ្យបានខ្ពស់ដើម្បីជៀសផុតពីជំងឺផ្សេងៗផងដែរ ជាពិសេសជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ហើយសូមថ្លែងអំណរគុណដែលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ស្រុកអង្គរជុំ មន្ទីព្យាបាលធ្មេញ ជា លាងហេង និងអង្គការថ្ងៃថ្មី ជីវិតថ្មី ដែលបានយកចិត្តទុកដាក់ព្យាបាលជូនប្រជាពលរដ្ឋក្នុងសហគមន៍៕