វៀតណាមបើកឲ្យប្រជាជនចូលមកធ្វើការនៅកម្ពុជាសាជាថ្មីវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ខេត្តស្វាយរៀង ៖ ភាគីវៀតណាមបានបើកឲ្យប្រជាជនចូលមកធ្វើការ និងប្រកបមុខរបររកស៊ីនៅប្រទេសកម្ពុជាសាជាថ្មីវិញហើយក្នុងខែធ្នូនេះ ចំពោះប្រជាជនណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ដូស។

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិតបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះថា មានប្រជាជនវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតនៅដើមខែធ្នូ២០២១នេះ ជាបណ្តើរៗហើយ បើគិតចាប់ពីថ្ងៃទី១ ខែធ្នូមកដល់ព្រឹកថ្ងៃទី៨ធ្នូ២០២១នេះសរុបជាង១,០០០នាក់។ ក្នុងនោះមានទិដ្ឋាការតាមរយៈក្រុមហ៊ុនចូលមកធ្វើការជាបុគ្គលិកក្រុមហ៊ុន និងមានអ្នកមកជាភ្ញៀវទេសចរណ៍ ផងដែរ។

លោក ង៉ូវ សុខា មន្រ្តីចត្តាឡីសក័នៃមន្ទីរសុខាភិបាលខេត្តប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា ដោយអនុវត្តតាមប្រសុសាន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ផ្តល់អនុសាសន៍នៅថ្ងៃទី១៥វិច្ឆិកា២០២១ កន្លងទៅ អនុញ្ញាតិឲ្យភ្ញៀវបររទេសចូលមកព្រះរាជាណាចក្រកម្ពុជា គឺអ្នកបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ពេញលេញ«គ្រប់ដុស»។ ចំពោះជនបររទេស ជនជាតិវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតគឺទី១ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ពេញលេញគ្រប់ដុស ។ទី២ មានលិខិត ធ្វើតេស្ត៍ CPR ចេញដោយវេជ្ជបណ្ឌិតប្រទេសវៀតណាមក្នុងរយៈពេល៧២ម៉ោង។

មន្ត្រីដដែលបន្តទៀតថា ក្រោយពីពិនិត្យឃើញ ឯកសារទាំង២នេះរួចមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតបញ្ជូនជនបរទេសទាំងនោះ មកមន្ត្រីជំនាញចត្តាឡីសក័ ពិនិត្យធ្វើតេស្ត៍រហស័ បើអវិជ្ជមាន គឺអនុញ្ញាតឲ្យធ្វើដំណើរចូលទៅតាមគោលដៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើវិជ្ជមានកូវី-១៩ គឺបញ្ជូនទៅប្រទេសវៀណាមវិញភ្លាម ក៏ប៉ុន្តែប្រសិនបើភ្ញៀវជនបរទេសណា ចង់ស្នាក់នៅព្យាបាលនៅក្នុងប្រទេសកម្ពុជា គឺត្រូវបង់ប្រាក់សម្រាប់ព្យាបាលក្នុងម្នាក់២,៥០០ដុល្លារទៅ៣,០០០ដុល្លារសហរដ្ឋអាមេរិក។

ចំពោះជនបរទេសដែល ចាក់វ៉ាក់សាំមិនគ្រប់ និងគ្មានលិខិតបញ្ជាក់ការធ្វើតេស្ត CPR ពីវេជ្ជបណ្ឌិតប្រទេសវៀតណាមទេគឺក្រោយពីធ្វើតេស្ត៍រហ័សអវិជ្ជមានកូវីដ១៩ ក៏តម្រូវឲ្យធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងកម្ពុជា ។

លោក ង៉ូវ សុខា បានបញ្ជាក់ថា នៅថ្ងៃទី១ ធ្នូ២០២១ ជនជាតិវៀតណាម ចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត សរុប១៣៧នាក់ ចាក់វ៉ាក់សាំងពេញលេញ១៣៤នាក់ ក្មេង២នាក់និងមន្ត្រីស្ថានទូតម្នាក់ ថ្ងៃទី២ធ្នូ ជនជាតិវៀតណាមសរុប១១៧នាក់ក្មេងម្នាក់ ត្រូវធ្វើចត្តាឡីសាក់១៤ថ្ងៃម្នាក់(ចាក់វ៉ាក់សាំងមិនគ្រប់)។ ថ្ងៃទី៣ធ្នូ ជនជាតិវៀតណាម ៣១៥នាក់ វ៉ាក់សាំងពេញលេញ៣១០នាក់ ក្មេង ០៣នាក់ មនុស្សពេញវ័យ២នាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ។ថ្ងៃទី៤ធ្នូ មានជនជាតិវៀតណាម ១៤៧នាក់ វ៉ាក់សាំងពេញលេញ១៤៣ នាក់ ក្មេង០៣នាក់មុស្សពេញវ័យ០១នាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ថ្ងៃទី៥ធ្នូ ជនជាតិវៀតណាម៧៤នាក់ វ៉ាក់សាំងពេញលេញ៧៣នាក់ ក្មេងម្នាក់ ។ថ្ងៃទី៦ធ្នូ ជនជាតិវៀតណាម សរុប១៤២នាក់វ៉ាក់សាំងពេញលេញ១៤១នាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ០១នាក់(វ៉ាក់សាំងមិនគ្រប់)។

នៅព្រឹកថ្ងៃទី៧ធ្នូ គិតត្រឹមម៉ោង១១ និង៣០នាទីព្រឹក មានជនជាតិវៀតណាមចូលមកកម្ពុជាតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្រុងបាវិតសរុប៨៩នាក់ បានចាក់វ៉ាក់សាំងពេញលេញនិងមានលិខិតបញ្ជាក់បានពិនិត្យធ្វើតេស្ត CPR ចេញដោយវេជ្ជបណ្ឌិតវៀតណាម និងបានធ្វើតេស្តរហ័ស ដោយមន្ត្រីចត្តាឡីស័កនៃមន្ទីរសុខាភិបាលនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត លទ្ធផល អវិជ្ជមានកូវីដ១៩។ រយៈពេល៧ថ្ងៃមានជនបរទេសជនជាតិវៀតណាមសរុប១,០២១នាក់៕ ដោយ ៖ ភក្តី