ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៤៥៥ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅស្រុកល្វាឯម
ខេត្ដកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃច័ន្ទ ១០ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៤៥៥ប័ណ្ណ ជូនប្រជាពលរដ្ឋ ភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ការចែកវិញ្ញាបនបត្រនេះគឺជាលើកទី១៨៩ នៅទូទាំងខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តបានចូលរួមអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរក្សាទុកដាក់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)ឲ្យបានល្អប្រសើ ព្រោះវាមានសារៈសំខាន់ និងមានតម្លៃណាស់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកល្វាឯម នូវចំណុចសំខាន់ៗមួយចំនួនដូចខាក្រោម ៖
១. បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ។
២. ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។
៣. ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តរស់នៅក្នុងសុខសន្តិភាពជារាងរហូតក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត សូមធ្វើការប្តេជ្ញាឲ្យខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕