បេក្ខភាពក្រុងបានលុងខេត្តរតនគិរី បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ វាយតម្លៃទីក្រុងស្អាតលើកទី៣

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ វាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្ត អាគារB ក្រោមអធិបតីភាព ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ព្រមទាំងលោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តផងដែរ។

លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត បានមានប្រសាសន៍ថាខេត្តរតនគិរី គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយបានចាត់ទុកថា វិស័យទេសចរណ៍ គឺជាមាសបៃតង ដើម្បីទ្រទ្រង់ទៅដល់ខឿនសេដ្ឋកិច្ច ឈានទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការកំណត់ខាងលើនេះ ខេត្តរតនគិរី ក៏បានចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនយោបាយទេសចរណ៍ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។ ក្នុងនោះខេត្តរតនគិរីក្រោមការដឹកនាំរបស់ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត បានខិតខំរៀបចំ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាពទីក្រុង និងបានជ្រើសរើសយកក្រុងបានលុង ជាទីក្រុងបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទទួលយកពានរង្វាន់ អេកូឡាបិលផ្ការំដួល ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឲ្យបាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ បានមានប្រសាសន៍ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ ក្រុងខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តពីរដ្ឋាភិបាល ផ្តល់រង្វាន់ដល់ក្រុងខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍ ក្រុងខណ្ឌ របស់ខ្លួនពិសេស ថែរក្សាការពារបរិស្ថាន ជំរុញវិស័យទេសចរណ៍។ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាន នៅតាមបណ្ដាក្រុងស្រុកខណ្ឌ។ បន្ថែមពីនេះ ឯកឧត្ដមក៏បានសំណូមពរដល់លោកលោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មេត្តាចូលរួមផ្តល់ជាយោបល់ស្ថាបនាកែលម្អ ដើម្បីឲ្យការងារចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ និងប្រជុំវាយតម្លៃចុងក្រោយសម្រាប់បេក្ខភាពក្រុងបានលុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ ភួង ផុន