សម្តេចតេជោអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មី ក្នុងគោលដំណងចូលរួមចំណែកអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេច បញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត៕