សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ នៅដើមខែមិថុនា នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គ លើប្រធានបទសំខាន់ៗ រួមមាន៖ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វីក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។

កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសផងដែររួមមាន៖ សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្ដីពី «ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏មានកិច្ចប្រជុំរួមមួយ នៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួន។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសមួយចំនួន ដូចជា៖ អូស្ត្រាលី សិង្ហបុរី និងសាធាណរដ្ឋប្រជាមានិតចិន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ៕