សម្តេចតេជោ៖ រាជធានីភ្នំពេញនឹងមានស្ពាន ចំនួន៣ បន្ថែមទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀតដែលតភ្ជាប់ពីភ្នំពេញទៅតំបន់ដទៃទៀតដើម្បីសម្រួលការធ្វើចរាចររបស់ពលរដ្ឋ។
សម្តេចតេជោបានប្រកាសនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឫស្សីកែវ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ពានទី២ គឺស្ពានភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា។
សម្តេចថ្លែងថា៖ «សម្រាប់តំបន់របស់យើងទីក្រុងភ្នំពេញនេះ គឺត្រូវការស្ពាន៣ បន្ថែមទៀត ហើយស្ពាន២នឹងចេញជារូបរាងក្នុងរយៈពេលឆាប់ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានល្បឿនលឿន (ពីភ្នំពេញទៅបាវិត) នៅផ្នែកខាងក្រោម»។
ចំណែកស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា ដោយសម្តេចបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងយកស្ពានដែកឫស្សីកែវ ទៅដាក់នៅម្តុំចាក់អង្រែដើម្បីឆ្លងកាត់ទៅព្រែកប្រាជាបណ្តោះអាសន្នសិន។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលចំណាយថវិកាសាងសង់ស្ពានសម្រាប់ពលរដ្ឋឆ្លងដោយមិនយកថ្លៃថវិកាឡើយ។ សម្តេចថ្លែងថា៖ «មិនចង់ឲ្យប្រជាពលនៅពេលឆ្លងស្ពានពេលណាក៏ត្រូវបង់លុយទេពេលនោះទេដូច្នេះហើយបានជាកន្លងទៅយើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ប្រជាជនចងឆ្លងប៉ុន្មានជើងឆ្លងទៅ»៕