ប្រមុខ UN ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ បន្ទាប់ពី​ប៉ះពាល់ជាមួយ​មន្ត្រីដែល​ឆ្លង​កូ​វីដ​១៩

យូ​អេ​ន ៖ ប្រភព​ការទូត​បាន​និយាយថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង បន្ទាប់ពីបាន​ប៉ះពាល់​ជាមួយ​មន្ត្រី UN ម្នាក់​ដែល​បាន​ឆ្លង​កូ​វីដ​១៩ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។​

​ប្រភព​ដដែល​បាន​ប្រាប់​សារព័ត៌មាន AFP ថា​លោក Guterres វ័យ ៧២ ឆ្នាំ​បាន​លុបចោល​ការចួលរួម​រប​ស់លោក​ក្នុងជំនួប​ប្រជុំ​ដោយផ្ទាល់​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ប្រចាំឆ្នាំ នៃ​សមាគម អ្នកសារព័ត៌មាន​ប្រចាំ UN ក្នុង​សង្កាត់ Manhattan នៅ​ថ្ងៃ​ពុធ​នេះ​។ ​ចំណែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ប្រឈម​នៃ​អំពើ​ភេរវកម្ម និង​ការប្រែប្រួល​អាកាសធាតុ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក Mohamed Bazoum ផងដែរ​។​

យ៉ាងណាក្ដី​អ្នកនាំពាក្យ​របស់​អគ្គលេខា​ធិ​ការ UN លោក Stephane Dujarric បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​ស្ថានភាព​របស់លោក Guterres នោះទេ​។ លោក Dujarric បានបង្ហាញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា ថ្មីៗ​នេះ​លោក Guterres បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លើក​ទី​៣​រួចហើយ បន្ទាប់ពី​លោក​បាន​ស្ទាក់ស្ទើរ​អស់​រយៈពេល​ជា​យូរ​អំពី​ការណែនាំ​នៃ​ការទទួល​ការចាក់​វ៉ាក់សាំង ខណៈដែល​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១៕