ក្រុមបាល់បោះជិះរទេះកម្ពុជា បុរស-នារី មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា

ភ្នំពេញ៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ខណៈក្រុមបាល់បោះជិះរទេះបុរស-នារីកម្ពុជា មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា។

សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺបានចាញ់ក្រុមថៃ ដោយលទ្ធផល ១០-៧ពិន្ទុ គ្រាដែលក្រុមបាល់បោះជិះរទេះបុរសកម្ពុជា បានចាញ់ក្រុមថៃដូចគ្នា ក្នុងលទ្ធផល ១៥-៨ពិន្ទុ។ យ៉ាងណាក្ដីក្រុមកម្ពុជា នៅសល់ការប្រកួតបន្ដទៀត ដើម្បីស្វែងរកពិន្ទុ និងឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសក្រុមនារី ដែលត្រូវការពារមេដាយមាសតែម្ដង។

សូមបញ្ជាក់ថា សម្រាប់កីឡាបាល់បោះជិះរទេះនេះ មាន ២វិញ្ញាសាធំៗ គឺវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់បុរស-នារី និងវិញ្ញាសាបុរស-នារី ៥នាក់ ទល់ ៥នាក់។ វិញ្ញាសាទាំងនេះដែរ សម្រាប់ផ្នែកបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ រីឯនារីវិញ មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ ហ្វីលីពីន និងកម្ពុជា៕