សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនយោបាយថៃ នឹងគិតមើលឱ្យឆ្ងាយ

ខេត្តកណ្ដាល ៖ ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនយោបាយថៃនឹងគិតមើលឲ្យឆ្ងាយ ខណៈគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មីមានបំណងចង់បណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេសខ្លួន។

សម្ដេចតេជោ បានថ្លែងថា នយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ។

សម្ដេចបន្តថា អ្នកបង្កើតនូវនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច មិនត្រឹមតែកម្មករកម្ពុជា និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករពីកម្ពុជា និងឡាវ ហើយមកពីមីយ៉ាន់ម៉ាផងដែរ។

សម្ដេចតេជោបានបន្ថែមថា មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជា និងឡាវ ចេញបណ្ដោយ។ ខ្ញុំគិតថា នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជា និងឡាវទេ៕