ក្មេងទំនើងមួយក្រុមបានដេញកាប់គ្នានៅក្នុងសាលាបឋមសិក្សាឆ្នែង

ខេត្តមណ្ឌលគិរីៈ កងកម្លាំងអាវុធហត្ថស្រុកកែវសីមា ប្រមូលបានម៉ូតូនិងដាវ ក្រោយពីក្រុមបងធំណាត់កាប់គ្នាក្នុងសាលាមិនបានសំរេច ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង២៥នាទីយប់ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណសាលារៀនឆ្នែង ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកែវសីមាឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកបានធ្វើការល្បាតក្នុងមូលដ្ឋាន ក៏ទទួលបានការរាយការណ៍ពីលោកគ្រូបង្រៀននៅសាលាឆ្នែង ថាកើតមានករណីក្មេងទំនើង២ក្រុមណាត់កាប់គ្នានៅក្នុងបរិវេណសាលារៀឆ្នែង ភ្លាមៗនោះកម្លាំងអាវុធហត្ថស្រុកក៏ទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញម៉ូតូចំនួន៣គ្រឿងនិងដាវសាំម៉ារ៉ៃចំនួន ៣ និងដំបងឫស្សី៣កំណាត់ បានបន្សល់នៅនិងកន្លែង មិនបានឃើញក្រុមបងធំទាំងនោះទេ ជនទំនើងទាំងនេះសង្ស័យរត់ចោលម៉ូតូ ក្រោយពីឃើញកម្លាំងអាវុធហត្ថចូលទៅដល់ បន្សល់ទុកតែម៉ូតូបែកបាក់ចំនួន៣គ្រឿងរួមនិងដាវ៣ដើម។

បច្ចុប្បន្នសមត្ថកិច្ចបានយកវត្ថុតាងទាំងដាវទាំងម៉ូតូយកមករក្សាទុក និងកំពុងស្រាវជ្រាវរកមុខក្រុមបងធំទាំងនោះមកចាត់ការតាមច្បាប់។

គួរបញ្ជាក់ផងដែរថា ជារឿយៗក្រុមក្មេងទំនើងទាំងនេះតែងតែណាត់កាប់គ្នាក្នុងសាលារៀនឆ្នែង ពេលកន្លងមកសមត្ថកិច្ចធ្លាប់ឃាត់យកទៅអប់រំផងដែរ តែនៅតែកើតមានករណីបែបនេះដដែល៕ដោយ ៖ ជឹក ទូច