
ប្រធានាធិបតី ៖ ស្ថានភាពនៅប៉ាឡេស្ទីនមិនអាចទ្រាំទ្របានឡើយ ពីការរំលោភបំពានរបស់អ៊ីស្រាអែល
ហ្ស៊េរុយសាឡិម ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាប់បាស (Mahmoud Abbas) បានព្រមាន កាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីនបច្ចុប្បន្ន មិនអាចទ្រាំទ្របាន ដោយសារតែការរំលោភបំពានរបស់អ៊ីស្រាអែលម្ដងហើយ ម្ដងទៀត។ ទន្ទឹមនោះ លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក សហគមន៍អន្តរជាតិជួយអន្តរាគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។
ការអំពាវនាវនេះបានកើតឡើងក្នុងពេលដែលលោកជួបប្រជុំជាមួយអ្នកជំនួញប៉ាឡេស្ទីននៅការិយាល័យរបស់លោក នៅទីក្រុងរ៉ាម៉ាឡា តំបន់ West Bank ដោយលោកបាននិយាយថា អ៊ីស្រាអែលគួរតែបញ្ឈប់រាល់វិធានការរបស់ខ្លួនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសប៊ែង (West Bank) ហ្សេរុយសាឡឹមខាងកើត (East Jerusalem) និងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ហើយលោកបានព្រមានថា ប្រសិនបើអ៊ីស្រាអែលនៅតែបដិសេធដំណោះស្រាយរវាងរដ្ឋទាំង ២ ទៀតនោះ ប៉ាឡេស្ទីននឹងមានកាតព្វកិច្ចជ្រើសរើសជម្រើសនយោបាយផ្សេងទៀត។
សូមជម្រាបថា អ៊ីស្រាអែលបានកាន់កាប់តំបន់វេសប៊ែង (West Bank) និងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) ដែលត្រូវបានទាមទារដោយប៉ាឡេស្ទីន នៅក្នុងសង្គ្រាមមជ្ឈឹមបូព៌ាឆ្នាំ ១៩៦៧ ហើយបានគ្រប់គ្រងពួកគេតាំងពីពេលនោះមក៕