គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់

ភ្នំពេញ៖​ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ជាមួយលោកតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ខណៈដែលពិធីចុះហត្ថលេខានេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ នារសៀលថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ នៅទីស្តីការក្រសួង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដើម្បីផ្តល់ពេលវេលាបន្ថែមឱ្យ ក្រុមហ៊ុន CRBC បានសិក្សាលម្អិតបន្ថែមទៀតពីការធ្វើផ្លូវមួយនេះ ឱ្យបានកាន់តែល្អប្រសើរឡើង ហើយក្រុមហ៊ុនក៏បានអះអាងដែរថា ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះដើម្បីសិក្សាលម្អិត ហើយនឹងបញ្ជាក់ជូនដល់ក្រសួង ដើម្បីពីនិត្យសម្រេចផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។

សូមជម្រាបថា​ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ៕