សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ខណៈកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាសក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។

ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ៕

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕