លោកជំទាវ ហឹង ណារី វ៉ា ថន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខគ្រួសាររស់នៅជាមួយមេរោគអេដស៍ចំនួន៥៩គ្រួសារនៅក្រុងក្រចេះ   

ខេត្តក្រចេះ ៖ លោកជំទាវ ហឹង ណារី វ៉ា ថន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជា ប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាថ្នាក់ខេត្ត នាព្រឹកថ្ងៃពុធ ៤កើត ខែមិគ្គសិរ ឆ្នាំឆ្ឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចែកអំណោយមនុស្សធម៌ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ចំនួន៥៩គ្រួសារ នៅក្រុងក្រចេះ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ លោក លោកស្រីជាំប្រធាន អនុប្រធាន មន្ទីរ ប្រធាន អនុប្រធានក្រុមប្រឹក្សាក្រុង និងសាមាជិកកាកបាទក្រហមជាច្រើនរូបផងដែរ។ កម្មវិធីចែកអំណោយមនុស្សធម៌ ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍នាពេលនេះ គឺធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់ជំងឺអេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល» ដែលមួយគ្រួសារៗទទួលបាន មី១កេស ត្រីខ១យួរ ស្ករស២កញ្ចប់ ជែលលាងដៃ១ដប អាវរងា១ និងថវិកាចំនួន៥០.០០០រៀល។

លោកជំទាវ ហឹង ណារី វ៉ា ថន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិយើង។

លោកជំទាវ ហឹង ណារី វ៉ា ថន ក៏បានធ្វើការពន្យល់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរស់នៅតាមបែបគន្លងថ្មីក្នុងបរិបទជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និង ពិសេសវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឲ្យវិលត្រឡប់មកក្នុងសហគមន៍របស់យើងសាជាថ្មី៕ ដោយ ៖ ស៊ាន ចន្ទ័ដា