មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិយ៉ាងពិតប្រាកដ

ភ្នំពេញ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់យើងយ៉ាងពិតប្រាកដ ដូច្នេះហើយទើប សេរីភាពព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន ដែលត្រូវបានធានាក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធអន្តរជាតិនានា ជាពិសេស សិទ្ធិជាច្រើនដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានអនុម័តតាំងពីឆ្នាំ១៩៩៣មកម្លេះ។

ការថ្លែងបែបនេះរបស់ឯកឧត្តមបានធ្វើឡើងនៅក្នុងពិធីពិភាក្សាស្តីពី «ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តមបញ្ជាក់ថា «យោងតាមច្បាប់ និងបទបញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការជួបប្រជុំត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែច្បាប់មិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើប៉ះពាល់សេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ប៉ះពាល់ប្រយោជន៍ និងទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ដូចមានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជា»។

ឯកឧត្តមបន្តថា ទោះជាមានអ្នកសារព័ត៌មានមួយចំនួនធំបានបំពេញតួនាទីរបស់ខ្លួនត្រឹមត្រូវស្របតាមវិជ្ជាជីវៈយ៉ាងណាក៏ដោយ ប៉ុន្តែឯកឧត្តមសង្កេតឃើញថា នាពេលថ្មីៗក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ មានអ្នកសារព័ត៌មានមួយចំនួនតូចទទួលរងបណ្តឹងទាំងក្នុងរឿងស៊ីវិល និងព្រហ្មទណ្ឌ និងករណីដទៃផ្សេងទៀតផងដែរ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានបញ្ជាក់បន្ថែមថា ជាការឆ្លើយតប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហានានាដល់អ្នកសារព័ត៌មាន ដើម្បីធានាបានការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ ជាក់ស្តែងក្រសួងបានបង្កើតគណៈកម្មការនីតិកម្ម គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន និងក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គផាពជំនាញក្នុងការអនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន៕