អភិបាលខេត្តក្រចេះអញ្ជើញបន្តសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ  

ខេត្តក្រចេះ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី្ន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ ប្រចាំតំបន់អាស៊ីប៉ាហិ្វក ឆ្លើយតបមេរោគអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើតខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈភិបាលខេត្តក្រចេះបានអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត មានគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ និងលោកតា លោកយាយនៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានជីវភាពខ្វះខាត។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ែន លីណាត គណៈអភិបាលរងខេត្ត និងលោក លោកស្រីជាអភិបាល អភិបាលរងស្រុក និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត រួមនិងលោកមេឃុំ មេភូមិ និងកងកម្លាំងទាំងបីប្រភេទ រួមនិងប្រពលរដ្ឋជាច្រើននាក់ផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋយើងទូទៅគ្រប់ច្រកល្ហក ពីជីវភាពរស់នៅ និងសុខភាពជាប្រចាំ ពិសេសសម្តេចបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យចុះសួរសុខទុក្ខ និងពិនិត្យពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ-១៩ ដែលឆក់យកអាយុជីវិតមនុស្ស ពិសេសក្នុងខេត្តក្រចេះយើង អស់ជីវិតមនុស្សចំនួន៧៥នាក់ហើយ ។

ឯកឧត្តមបន្តថា ទោះជាក្នុងតម្លៃណាក៏ដោយ សម្តេចអគ្គមហាសេនាបតីតេជោ មិនបណ្តោយឲ្យជំងឺនេះមកជ្រៀតជ្រែក ដោយមិនមានការទប់ស្កាត់នោះទេ សម្តេចតែងតែរកគ្រប់មធ្យោបាយ ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ៗរូប ចាប់តាំងពីកុមារអាយុ៥ឆ្នាំឡើងទៅ ឲ្យបានទទួលវ៉ាក់សាំងគ្រប់ៗគ្ន។

ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត សូមមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះរដូវនេះជារដូវត្រជាក់ផង ព្រមទាំងមានជំងឺកូវីដ-១៩មកជ្រៀតជ្រែកផងនោះ ដែលនឹងអាចប៉ះពាល់ចំពោះលោកតា លោកយាយ បងប្អូន ដោយប្រការណាមួយ ដែលយើងមិនបានប្រុងប្រយ័ត្ន វានឹងអាចហានិភ័យកើតឡើងចំពោះជំងឺឆ្លងមួយនេះជាយថាហេតុ។ ដូចនេះ សូមបងប្អូន លោកតា លោកយាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺឆ្លងកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងរក្សាគម្លាត ធ្វើអនាម័យ សម្អាតខ្លួនប្រាណឲ្យបានហ្មត់ចត់ លាងដៃនឹងសាប៊ូ, អាល់កុល ឬជែលឲ្យបានជាប្រចាំ ជាពិសេសចូលរួមអនុវត្ត នូវគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ពិសេសវិធានរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ ៣កុំ»។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាន ចែកជូនប្រជាពលរដ្ឋក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ សម្រាប់លោកយាយ លោកតាចំនួន៥០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ជែលលាងដៃ១ដប អាវរងា០១ និង ថវិកាចំនួន៥០.០០០រៀលផងដែរ៕ ដោយ ៖ ស៊ាន ច័ន្ទដា