
WHO នៅតែអះអាងថា វីរុសបម្លែងខ្លួនថ្មី Omicron មានសភាពជំងឺស្រាលជាង Delta
ញូវយ៉ក ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទិន្នន័យដំបូងបង្ហាញថា វីរុសបម្លែងខ្លួនថ្មី Omicron នេះ អាចនឹងងាយឆ្លងអ្នកដែលធ្លាប់កើតជំងឺកូវីដ១៩ រួច ឬអ្នកដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែក៏អាចបង្កឱ្យមានជំងឺស្រាលជាងមុនផងដែរ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រាប់ឲ្យដឹង កាលពីថ្ងៃ ពុធ ថា មានភស្តុតាងមួយចំនួនដែលថា Omicron បង្កឱ្យមានជំងឺស្រាលជាង Delta ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ត្រូវការទិន្នន័យបន្ថែមទៀត មុនពេលធ្វើការសន្និដ្ឋានឲ្យច្បាស់ណាមួយ ហើយបានជំរុញឱ្យប្រទេសទាំងអស់ ពង្រឹងការតាមដាននៃវីរុសនេះ ដើម្បីជួយផ្តល់ទិន្នន័យឲ្យកាន់តែច្បាស់អំពីរបៀបដែល Omicron កំពុងចរាចរណ៍លើពិភពលោក។
ការវាយតម្លៃនេះបានកើតឡើងនៅពេលដែលការព្រួយបារម្ភជាសកលកាន់តែកើនឡើង លើការប្រែប្រួលយ៉ាងខ្លាំងនៃវីរុសនេះ ដែលបានបង្ខំឱ្យប្រទេសរាប់សិបប្រទេស បានដាក់ការរឹតបន្តឹងច្រកព្រំដែនឡើងវិញ និងបានលើកឡើងពីលទ្ធភាពនៃការវិលត្រឡប់ទៅរកការផ្អាកសេដ្ឋកិច្ចប្រទេសវិញផងដែរ៕