
សម្តេចតេជោ ហ៊ុន សែន បង្ហើបពីក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយត្រៀមសម្រាប់ពេលខាងមុខ
ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះបានបង្ហើបឲ្យដឹងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីដើម្បីត្រៀមនៅថ្ងៃអនាគតបានរៀបចំរួចរាល់អស់ហើយ ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីនោះ។
សម្តេចបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីដែលត្រៀមនោះមិនមែនសម្រាប់ឆ្នាំ២០២៣នោះទេ តែជាការត្រៀមបម្រុងទុកសម្រាប់បន្តវេនប៉ុណ្ណោះ ព្រោះឆ្នាំ២០២៣សម្តេចនៅតែបន្តដឹកនាំដដែល។ សម្តេចបញ្ជាក់បន្ថែមថាសមាសភាពគណៈរដ្ឋមន្ត្រីដែលរៀបចំត្រៀបពេលអនាគតនោះគឺសុទ្ធសឹងជាបណ្ឌិត អនុបណ្ឌិត។
សូមជម្រាបថា ការថ្លែងបែបនោះគឺក្នុង ឱកាសដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចក៏បានឲ្យដឹងទៀតថា ការរៀបចំត្រៀមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនោះគឺកើតចេញពីការប្រជុំពិភាក្សានិងឯកភាពគ្នាជាមួយសម្តេចស ខេង , សម្តេចសាយ ឈុំ,សម្តេចទៀបាញ់,ជំទាវម៉ែន សំអន កាលពីថ្មីៗនេះ៕