អប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថភាពជូនប្រជាពលរដ្ឋក្នុងក្រុងបានលុង

ខេត្តរតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបានលុង។

ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន កំណើនយាន្តជំនិះ កើនឡើងជាបន្តបន្ទាប់ ផ្លូវថ្នល់ក៏មានការអភិវឌ្ឍន៍ ស្រួលក្នុងការធ្វើដំណើរ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បានកើតមានឡើងផងដែរ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅរង្វង់មូលក្រុងបានលុង ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ស្នងការខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង ពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អភិបាលក្រុង ចៅសង្កាត់ លោកលោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍លើកឡើងថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ឯកឧត្ដម អភិបាលខេត្ត បំពាក់មួកសុវត្ថភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីសំដែងពីទឹកចិត្ត គោរព្តអាណិត និងក្នុងន័យ សុំអង្វរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យប្រកាន់ខ្ជាប់ច្បាប់ចរាចរណ៍ ក្នុងពេលបើកបរ៕ ដោយ ៖ ភួង ផុន