
កម្ពុជាបន្ដរបូត ៣ពិន្ទុ ក្នុងប្រកួតទី២ នៃពានរង្វាន់ AFF Suzuki Cup
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាបានបន្ដបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល ៤-២ ក្នុងប្រកួតទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ពូលB នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។
នៅវគ្គទី១ ដោយត្រូវឥណ្ឌូនេស៊ី បើកការនាំមុខ ៣គ្រាប់មុន ខណៈនៅនាទី១៧ មុនខ្សែការពារ យ៉ើ សាហ្វី តែតបំប៉ោងសំណាញ់ទីឥណ្ឌូនេស៊ី ១គ្រាប់ នៅនាទី៣៧ ក្រោយការទាត់បាល់ជ្រុងពី កែវ សុខផេង ។ ចូលវគ្គទី២ ឥណ្ឌូនេស៊ី បានបន្ថែម ១គ្រាប់ទៀត នៅនាទី៥៤ មុនត្រូវបានខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម វាយបកបាន ១គ្រាប់វិញ តាមរយៈការទាត់បាល់ហ្វ្រីឃីត នៅនាទី៦០ ។
ការប្រកួតនេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា បានផ្លាស់ប្ដូរជម្រើស ១១នាក់ដំបូង ស្ទើរ ១០០% បើធៀបនឹងជម្រើស ១១នាក់ដំបូង ដែលប្រកួតបើកឆាកទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ពោលគឺរក្សាតែកីឡាករ សៀង ចន្ធា, លឹម ពិសុទ្ធ និង ទេស សម្បត្តិ ប៉ុណ្ណោះ ។
ការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ស្ទើរតែអស់ឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ បន្ទាប់ពីប្រកួតបើកឆាកចាញ់ម៉ាឡេស៊ី ៣-១ ពោលគឺមិនទាន់មានពិន្ទុឡើយ ។ ចំពោះប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឡាវ នាថ្ងៃទី១៥ ខែធ្នូ មុនជំនួបបញ្ចប់ពូល B ជាមួយវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕