
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៤.១៩៣ករណីទៀត និងស្លាប់២៨នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤,១៩៣នាក់ និងអ្នកស្លាប់ថ្មីចំនួន២៨នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
អាជ្ញាធរបាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ គឺមាន ៤,១៧២ករណីជាប្រជាជនទូទៅនិង២១ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកជំងឺ កូវីដ១៩ចំនួន៧,៨៦៣នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន២,១៦០,៧៨០ករណី ក្នុងនោះអ្នកជាសះស្បើយចំនួន ២,០៨២,៩៥១នាក់។ ចំណែកចំនួនអ្នកស្លាប់មាន២១,០១៨នាក់ក្នុងអំឡុងពេលរលកទី៣ និង ២១,១១២នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕