
រកឃើញក្រុមចុងក្រោយគេដែលឡើងវគ្គ១៦ក្រុម UCL ហើយ
អឺរ៉ុប ៖ Villarreal បានក្លាយជាក្រុមចុងក្រោយដែលឈានទៅវគ្គ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League ហើយ ក្រោយយកឈ្នះលើក្រុម Atalanta ៣-២ ក្នុងការប្រកួតចុងក្រោយនៃពូល F របស់ពួកគេកាលពីយប់មិញ។
៣គ្រាប់របស់ក្រុម Villarreal របស់អេស្ប៉ាញយប់មិញ រកបានដោយកីឡាករសញ្ជាតិហូឡង់ Arnaut Danjuma ២គ្រាប់នៅនាទីទី៣និង៥១ ខណៈ១គ្រាប់ទៀតរកបានដោយកីឡាករ E. Capoue នាទីទី៤២។ចំណែក២គ្រាប់របស់ក្រុម Atalanta រកបានដោយកីឡាករ R. Malinovsky នាទីទី៧១និង D. Zapata នាទីទី៨០។
លទ្ធផលនេះបានធ្វើឲ្យ Villarreal ក្លាយជាក្រុមចុងក្រោយដែលឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបេក្ខភាព១៥ក្រុមទៀតឈររួចជាស្រេចដូចជា៖ Ajax, AT Madrid, Bayern Munich, Benfica , Chelsea, Inter Milan, Juventus, Liverpool , Lille, Man City, Man United, PSG, Real Madrid, Red Bull Salzburg និង Sporting Lisbon។
សូមជម្រាបថា ការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយ នឹងចាប់ឆ្នោតល្ងាចថ្ងៃទី ១៣ ខែធ្នូ។ ជើងទី១ វគ្គ ១៦ក្រុមនឹងចាប់ផ្ដើមលេងនៅពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០២២ ខាងមុខ៕