ឯកឧត្តម ម៉ៅ ធនិន ចុះសួរសុខទុក្ខ និងស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារសាមគ្គីក្រុងកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន ក្នុងខេត្តបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ សាមគ្គី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ការចុះសំណេះសំណាល និងសាកសួរសុខទុក្ខនាពេលនោះត្រូវទទួលបានការស្វាគមន៍ប្រកបដោយ ទឹកចិត្តសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គីដោយក្តីគោរពស្រឡាញ់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នាឱកាសនេះ គឺគ្រាន់តែជាជំហានដំបូងដើម្បីស្វែងយល់ពីសំណូមពរតម្រូវការ របស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារសាមគ្គី ក្រុងកំពតតែប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីបានជា មូលដ្ឋានរួមសម្រាប់ធ្វើការដោះស្រាយឱ្យបានសម្រេចនៅពេលក្រោយបន្តទៀត។

ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានមានប្រសាសន៍ បញ្ជាក់ថា ឯកឧត្តមពិតជាមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ក្នុងស្មារតីភាតរភាពជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ទាំងមូលដើម្បីរួមគ្នាគិតរួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយបញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហ៊ាននៃដំណើរកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀតឱ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ។

ពាក់ព័ន្ធរាល់ការសំណូមពររបស់អាជីវករ នាឱកាសនោះរួមមាន ៖ បញ្ហាសំណូមពរស្នើសុំឱ្យអាជីវករ លក់ត្រីឱ្យមានការលក់ដូរប្រមូលផ្ដុំគ្នា តែមួយក្នុងផ្សារ, បញ្ឈប់ឱ្យមានការលក់ដូរខាងក្រៅផ្សារតាម ចិញ្ចើមផ្លូវ, បញ្ហាការជួសជុលដំបូលផ្សារ, ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ឯកឧត្តម និងអាជ្ញាធរ ក្រុងនឹងបន្តជួបគ្នាទៀតជាមួយអាជីវករនៅពេលក្រោយដើម្បីធ្វើយ៉ាងណាពិភាក្សាគ្នារកដំណោះស្រាយ ជូនអាជីវករឱ្យបានសម្រេច។

ដោយឡែក ដោយមើលឃើញពីបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងផ្សារ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យ ប្រធានផ្សារ និងអាជ្ញាធរក្រុងកំពតសហការគ្នាស្ដារឱ្យបានឆាប់ជាបន្ទាន់ ដើម្បីធានាដល់ភាពស្អាត និង បរិស្ថានល្អក្នុងផ្សារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានស្នើដល់ប្រធានផ្សារ និងអាជ្ញាធរក្រុង កំពតត្រូវជៀសឱ្យបានពីយកភាស៊ីទៅលើអ្នកលក់ដូរតាមកញ្ច្រែងតូចតាច និងធ្វើការស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូឌុបនៅផ្សារសាមគ្គីនេះឱ្យបានជាក់លាក់ពិតប្រាកដដើម្បីមានលក្ខណៈ ងាយស្រួលក្នុងការឧបត្ថម្ភក្នុងស្មារតីវប្បធម៌ចែករំលែក ខ្មែរស្រឡាញ់ខ្មែរ សម្រាប់ពួកគាត់ដែលមាន ជីវភាព និងការខ្វះខាតផងដែរ៕ ដោយ ៖ ទ្រី ហៀន