គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត យកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១៧៥គ្រួសារ នៅស្រុកលំផាត់

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២១ កន្លងមកត្រូវបាន លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោក ទៅចែកជូនដល់ពួកគាត់។

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងចែអំណោយរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ ១៧៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។

ក្នុងឱកាសនោះលោក ញ៉ែម សំអឿន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ សម្តេចតែងតែក្រើនរំលឹកថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ឲ្យចុះជួយដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះ សម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះទេ។

ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះទឹកជនន់កន្លងទៅនេះ សម្តេចទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការ ព្រមទាំងប្រើប្រាស់កម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំ ការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ព្រមទាំងដឹកជញ្ជូនបងប្អូនទៅរកទីទួលសុវត្ថិភាពទៀតផង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បាន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានឱ្យគិតពីសុខភាពប្រជាពលរដ្ឋ  ជាពិសេសមនុស្សចាស់ និងកុមា បន្ថែមពីនោះលោក ក៏បាន ផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ បើទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក៏ដោយ ដើម្បីការពារខ្លួនឲ្យកាន់តែល្អប្រសើរ ជៀសផុតពីជំងឺកូវីដ១៩៕ ដោយ ៖ ភួង ផុន