ចិន​ចេញមុខ​អះអាងថា ​គំនិតអាក្រក់​របស់​អាមេរិក​លើ​ទំនាក់ទំនង​ចិន​ និង​កម្ពុជា​នឹង​បរាជ័យ

ភ្នំពេញ ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថាន​ទូ​ន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា “​នា​ថ្ងៃទី​៩​ខែធ្នូ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន មានការ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ នៅ​ថ្ងៃទី​៨ ក្រសួងពាណិជ្ជកម្ម​អាមេរិក​បានប្រកាសថា ​អាមេរិក​នឹង​បន្ថែម​វិធានការ​កំណត់​ថ្មី​លើ​ការនាំចេញ ​និង​នាំចេញ​ឡើងវិញ​នូវ​ប្រភេទ​ទំនិញ​រសើប​របស់ខ្លួន​មកកាន់​កម្ពុជា និង​ព្រមទាំង​មានការ​ហាមឃាត់​លក់​អាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា ដោយ​ក្រោម​ហេតុផល​ថា​មាន​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស អំពើពុករលួយ និង​ការអនុញ្ញាត​បង្កើន​វត្ត​មាន​យោធា​ចិន​ក្នុងប្រទេស​កម្ពុជា​។ តើ​ភាគី​ចិន​មាន​យោបល់​យ៉ាងដូចម្ដេច​ចំពោះ​ការលើកឡើង​បែបនេះ​?

លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​មានប្រសាសន៍ថា ថ្មីៗ​នេះ អាមេរិក​បន្ត​បង្ខូចឈ្មោះ​និង​លាប​ពណ៌​លើ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា គំរាមកំហែង ដាក់​សម្ពាធ និង​ការដាក់ទណ្ឌកម្ម​មកលើ​កម្ពុជា​។ នេះ​គឺជា​ទង្វើ​ដែល​ប្រើ​អំណាច​គៀបសង្កត់​លើ​អ្នកដទៃ​យ៉ាងពិត​ប្រាកដ​និង​ច្បាស់លាស់ នេះ​បាន​ល្មើស​នឹង​ក្រម​ប្រតិបត្តិ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ផងដែរ​។ ភាគី​ចិន​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ទង្វើ​បែបនេះ​។​

ចិន​និង​កម្ពុជា គឺជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​មិត្ត​ដែកថែប​និង​ជា​សហគមន៍​វាសនា​រួម​។ ចំណងមិត្តភាព​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​ឆ្លងកាត់​ការសាកល្បង​តាម​គ្រប់​រូបភាព ធ្វើឱ្យ​កាន់តែ​រឹងមាំ​មិនអាច​បំបែក​បាន​។ គំនិតអាក្រក់​ប៉ុនប៉ង​របស់​អាមេរិក​លើ​ទំនាក់ទំនង​ចិន​និង​កម្ពុជា​នឹង​ទទួល​បរាជ័យ​។ ភាគី​ចិន​គាំទ្រ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ​និង​សេចក្តីថ្លៃថ្នូរ​នៃ​ជាតិ នឹង​គាំទ្រ​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​៕