ក្រសួងបរិស្ថាន ៖ កម្ពុជាផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស

ភ្នំពេញ ៖ ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហម IUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វ​ថ្ងៃ​នេះ ចំនួន​ប្រជាសាស្ត្រសត្វត្រយង​ចង្កំកសទូទាំង​ពិភពលោក​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ​មាន​ប្រមាជាង១០០០ក្បាប៉ុណ្ណោះ ​ ដែលក្នុង​នោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។

មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។

ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផល​ជំរឿន​ដំបូង​មានសត្វត្រយងចង្កំកស​​​​ចំនួន​៣១០​ក្បាល​ប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។

នៅឆ្នាំ២០២១ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជា​ដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ​​​ដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។

គួរបញ្ជាក់ផងដែរថា​​ តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ​ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃផ្សេងទៀតបានបង្ហាញពីលទ្ធផលកើនឡើងផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា៖ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមាន​ប្រសាសន៍​ថា ​«ក្រោយកម្ពុជា មានសុខសន្តិភាពពេញលេញ យើងមានឱកាសនិងលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុង កិច្ចការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។ ស្ថានភាពនៃការអភិរក្សធនធនធម្មជាតិមានភាពប្រសើរឡើង ហើយការកើនឡើងនូវវត្តមានប្រភេទសត្វត្រយងចង្កំកស និងសត្វមួយចំនួនទៀតដែលជាប្រភេទសត្វកម្រ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូដែលចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជានៅសល់ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ក្នុងកិច្ចការពារត្រយងចង្កំកស និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វកម្រទាំងនោះ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ»។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍ និងអបអរសាទរចំពោះភាពជាដៃគូសម្រាប់លទ្ធផលជំរឿនទូទាំងប្រទេសឆ្នាំ២០២១ ដែល​​លទ្ធផលនេះបង្ហាញពីជំហានវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក្នុងការការពារសត្វត្រយងចង្កំកស និងក្នុងការបញ្ច្រាសការធ្លាក់ចុះនៃប្រភេទសត្វដែលជិតផុតពូជនេះនាពេលអនាគត» លោកបន្ថែមទៀតថា​ «ក្នុងនាមជាសមាជិកនៃអង្គការដៃគូ​WWF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គទាំងអស់ដែលពាក់ព័ន្ធដើម្បីគាំទ្រដល់ជំរឿនថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ និងបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្នុងការការ​ពារសត្វស្លាបដ៏កម្រនេះ ព្រមទាំងការពារសម្បុករបស់វាដែលមាននៅក្នុងទីជម្រកធម្មជាតិ»។

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសរបស់អង្គការWCS បានមានប្រសាសន៍ថា «សត្វត្រយងចង្គំកស គឺជាប្រភេទសត្វសំខាន់ និងជានិមិត្តរូបរបស់តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។ វាបានចូលរួមបង្កើនចំណូលពីទេសចរណ៍ធម្មជាតិដ៏សំខាន់សម្រាប់សហគមន៍ត្មាតប៉ោយ ខេត្តព្រះវិហារ។ អង្គការWCS នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីធានាថាសត្វស្លាបដែលមានតម្លៃជាសកលទាំងនេះនៅតែបន្តជាផ្នែកមួយនៃបេតិកភណ្ឌ​​ធម្មជាតិរបស់កម្ពុជា។»

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife in Cambodia)បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជពីសកលលោក។​ ជំរឿនឆ្នាំ២០២១ បង្ហាញពីសេចក្តីសង្ឃឹមនៃការអភិរក្សទៅថ្ងៃអនាគត ប៉ុន្តែសត្វស្លាបនេះទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុនេះ យើងស្នើបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស បទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតក្នុងការដោះស្រាយរួមគ្នាលើបញ្ហាគំរាមកំហែងដែលកំពុងកើតមានលើសត្វប្រភេទនេះ»។

លោកស្រី Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ការបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា គឺជាគំរូដ៏ល្អនៃការអនុវត្តវិធីសាស្រ្តរួមតែមួយក្នុងការអភិរក្សសត្វត្រយងចង្គំកស។ តាម​រយៈការប្រមូលគោលគិត​​ ចែករំលែកចំណេះដឹង និងទស្សនៈវិស័យរបស់អ្នកជំនាញពីគ្រប់ភាគីពាក់ព័ន្ធ យើងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងអភិរក្សទីជម្រកធម្មជាតិ និងនៅមណ្ឌលសង្រ្គោះ។ មាន​តែធ្វើការរួម​គ្នា​ទេ​ដែល​អាច​ជួយសង្គ្រោះ​សត្វប្រភេទនេះ​មិនឱ្យ​​ផុត​ពូជបាន»៕