ថ្ងៃស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា ក្នុងចំណោមប្រធានបទ ដែលរំពឹងថានឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ រួមមាន វ៉ាក់សាំង និងសន្តិសុខផ្នែកសុខភាពពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើអន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕