
អាមេរិក ប្រកាសដាក់ទណ្ឌកម្មសិទ្ធិមនុស្សលើប្រទេសចិន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងបង់ក្លាដែស
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មកម្រិតធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ទៅលើបុគ្គល និងក្រុមហ៊ុននានានៅប្រទេសចិន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង និងបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះ ប្រទេសកាណាដា និងចក្រភពអង់គ្លេស ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលទីក្រុង វ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មថ្មីជាលើកដំបូងលើប្រទេសកូរ៉េខាងជើង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Joe Biden និងបានកំណត់គោលដៅអង្គភាពយោធាមីយ៉ាន់ម៉ា ក្នុងចំណោមអង្គភាពដទៃទៀត ក្នុងសកម្មភាពសម្គាល់ថ្ងៃសិទ្ធិមនុស្ស។
វិធានការនេះ គឺជាវិធានការចុងក្រោយបំផុតនៃការដាក់ទណ្ឌកម្មដែលកំណត់ពេលស្របគ្នានឹងកិច្ចប្រជុំកំពូលនិម្មិតរយៈពេល ២ ថ្ងៃរបស់លោក Biden ដែលលោកបានប្រកាសពីគំនិតផ្តួចផ្តើម ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក និងផ្ដល់ការគាំទ្រ សម្រាប់ច្បាប់គាំទ្រលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់បន្ទុកលើប្រទេសចិនកាន់ខ្លាំង ទៅលើបញ្ហាសិទ្ធិមនុស្ស ដែលប្រទេសទាំងអស់នេះបានចោទប្រកាន់ទៅលើចិនថា បាននិងកំពុងរំលោភបំពាន។ ទោះជាយ៉ាងណា ប្រទេសចិនតែងតែច្រានចោល នូវរាល់ការចោទប្រកាន់បែបនេះ។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើងវិញ សហរដ្ឋអាមមេរិកបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះក៏រួមមានលោក រី យ៉ុង ជីល (Ri Yong Gil) រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពប្រជាជនកូរ៉េខាងជើងផងដែរ៕