អាជីវករលក់ដូរលើបរិវេនដីតំបន់៤ជុំវិញផ្សារ និងមុខផ្សារបានលុងរិះគន់រឿងក្រុមហ៊ុនលោកឧកញ៉ា សា លាង យកភាស៊ីថ្លៃលើសពីសៀវភៅបន្ទុក

ខេត្តរតនគិរី ៖ ក្រុមអាជីវករមួយចំនួនបានលើកឡើងថា បន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា សា លាង បានទទួលសិទ្ធិក្នុងការវិនិយោគផ្សារបានលុង មានទីតាំងស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរីកាលណាមក បានបង្កបញ្ហាស្មុគស្មាញជាច្រើន ពិសេសដល់អាជីវករដែលកំពុងតាំងលក់ដូរនៅលើដីតំបន់៤ជុំវិញផ្សារ និងអាជីវករដែលលក់ដូរនៅមុខផ្សារតែម្តង សូម្បីតែអង្គភាពមន្ទីរជំនាញ ហើយនិងអាជ្ញាធរក្រុង ខេត្តក៏មិនហ៊ានក្អកផង បណ្តោយឲ្យលោកឧកញ៉ា សា លាង គាបសង្កត់អាជីវករតាមអំពើចិត្ត និងយកភាស៊ីថ្លៃលើសពីសៀវភៅបន្ទុក។

បើតាមអាជីវករមួយចំនួនដែលលក់ដូរនៅចំណុចបរិវេនលើដីតំបន់៤ និងនៅមុខផ្សារបានលុង បានប្រាប់ដល់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ថា ក្នុងមួយថ្ងៃពួកគាត់ត្រូវចំណាយលើការបង់ថ្លៃភាស៊ីចំនួន ៦០០០រៀល, ថ្លៃឆ័ត្រចំនួន២០០០រៀល, ថ្លៃអនាម័យចំនួន៥០០រៀល តែបើចំកន្លែងពិសេសដូចជាផ្លូវចូលផ្សារជាប់កន្លែងផ្ញើម៉ូតូវិញ អាចយករហូតដល់១០,០០០,០រៀលឯណោះក្នុងមួយថ្ងៃ។

អាជីវករបានអះអាងថា ពួកគាត់ធ្លាប់លក់ដូរក្រោមឆ័ត្រ ខាងផ្សារធ្លាប់បានឲ្យពួកគាត់ធ្វើលិខិតផ្តិតមេដៃរើចេញ និងសន្យាថា ក្រោយធ្វើដំបូលរួចគេនឹងឲ្យលក់ដូរកន្លែងដដែល ប៉ុន្តែបន្ទាប់ពីធ្វើដំបូលរួចបែរជាតម្រូវឲ្យមានការចាប់ឆ្នោតយកកន្លែងលក់បែបអាថ៌កំបាំងមិនជាសាធារណៈម្តងពី៣នាក់ ទៅ៥នាក់ ផ្ទុយទៅនឹងការសន្យាខាងដើមទៅវិញ។

ជុំវិញការលើកឡើងរបស់អាជីវករខាងលើនេះ លោកឧកញ៉ា សា លាង អង្គភាពព័ត៌មាន “ភ្នំពេញដេលី”Phnom Penh Daily Media មិនទាន់អាចស្វែងរកដើម្បីសុំការបកស្រាយបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០៣១ម្សិលមិញនេះ ព្រោះទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបាន។

ដោយឡែកលោក ដូច បូណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media ក៏មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការពន្យល់បានដែរពាក់ព័ន្ធទៅនឹងការកំណត់យកថ្លៃភាស៊ីលើការវិនិយោគផ្សារបានលុងរបស់ក្រុមហ៊ុនលោកឧកញ៉ា សា លាង ប៉ុន្តែបើតាមការលើកឡើងពីសំណាក់អាជីវករ ការយកភាស៊ីសព្វថ្ងៃនេះ គឺមិនមានវិក្កយបត្រទេ ថែមទាំងយកថ្លៃរហូតដល់ទៅ ៦០០០រៀលឯណោះ។

 

ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះថា ឯកឧត្ដមមិនអាចទទួលយកបានទេករណីខាងលើនេះ បើសិនការចាប់ឆ្នោតយកកន្លែងលក់ឲ្យចូលចាប់នៅទីអាថ៌កំបាំងពីភ្នែកមហាជន ហើយចូលចាប់ម្ដងតែ៣នាក់ ទៅ៥នាក់មែននោះ គឺមិនអនុញ្ញាតឲ្យចាប់ឆ្នោតរបៀបនេះទេ។ ឯកឧត្ដមបញ្ជាក់ថា លោកនឹងចុះពិនិត្យផ្សារម្ដងទៀត បើសិនជាអាជីវករលក់ដូរមានបញ្ហាមិនប្រក្រតីណាមួយ ឬក៏ពួកគាត់មិនសុខចិត្តនូវប្រការណាមួយ សូមឲ្យពួកគាត់មានតំណាងម្នាក់មកជួបឯកឧត្ដម មិនដូច្នោះទេ ពួកគាត់អាចផ្ដល់ព័ត៌មានតាមរយៈមន្ត្រីរាជការ ឬតាមរយៈអ្នកសារព័ត៌មានជាដើម។

អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media រង់ចាំស្វាគមន៍ដោយរីករាយ និងគ្រប់ពេលវេលា បើសិនជាមានការបកស្រាយណាមួយពីខាងក្រុមហ៊ុនលោកឧកញ៉ា សា លាង ពាក់ព័ន្ធការលើកឡើងរបស់អាជីវករខាងលើនេះ៕ ដោយ ៖ ភួង ផុន