១១ខែឆ្នាំនេះ រកឃើញរថយន្តដឹកទំនិញ ខុសលក្ខណៈបច្ចេកទេសនៅកំពង់ផែព្រះសីហនុជិត៥០០គ្រឿង ពិន័យប្រាក់ជិត៣០០លានរៀល

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី កាលពីថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកតាំង ពៅ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ចុះ​ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តដឹកទំនិញចេញ-ចូល​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ មានគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តដឹកជញ្ជូនទំនិញកុងតឺន័រ ត្រួតពិនិត្យសុវត្ថិភាពយានយន្ត នៅគោល​ដៅ​ដើមទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាពិសេសអប់រំអ្នកបើកបរយានយន្តដឹកទំនិញកុងតឺន័រ​ឱ្យមានការ​ភ្ញាក់រលឹកចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍ ដែលបង្កមកពីយានយន្តដឹកកុងតឺន័រ។

ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧ គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល (ពីររយប៉ែតសិបប្រាំលាន ពីររយម្ភៃប្រាំពាន់រៀល)​។

ទាក់ទងនឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឯកឧត្តម សេង ឈួន បានឱ្យដឹងថា យានយន្តកុងតឺន័រមួយចំនួនត្រូវបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវដែលក្នុងនោះរួមមានដូចជា គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់​បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេស​របស់រថយន្ត​ហួស​សុពលភាព​ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឱ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់គោរពច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេសយានយន្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់បណ្ណបើកបរ​ឱ្យបានត្រឹមត្រូវតាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍​ជាយថាហេតុ​ដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕ ដោយ ៖ ទឹង សុភាព