ផ្លូវបេតុងជាប់ព្រំដែនកម្ពុជា-វៀតណាមចំនួន២ខ្សែ ប្រវែងជិត៤ពាន់ម៉ែត្រគ្រោងនឹងបើកឲ្យដំណើរការនៅឆ្នាំ២០២២ ខាងមុខ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតតំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិតបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុងក្រវ៉ាត់ក្រុងជាប់ព្រំដែនកម្ពុជា-វៀតណាមចំនួន២ខ្សែដែលមានប្រវែងសរុប៣៥២០ម៉ែត្រដែលគ្រោងនឹងបើកឲ្យដំណើរការធ្វើចរាចរណ៍ទៅមកនៅឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលរងក្រុងបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវបេតុងចំនួន២ខ្សែដែលកំពុងស្ថាបនាខាងលើនេះ គឺក្រោមគំនិតផ្តួចផ្តើមស្ថាបនាពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងដើម្បីជួយសម្រួលដល់ការដឹកទំនិញផ្សេងៗឆ្លងកាត់ចេញចូលតំបន់សេដ្ឋកិច្ចពិសេសនានាក៏ដូចជាការធ្វើដំណើរទៅវិញទៅមក កុំឲ្យមានការកកស្ទះចរាចរណ៍នៅតាមតំបន់ព្រំដែនក្នុងក្រុងបាវិតនេះតែម្តង។

លោក វណ្ណ សុមុន្នី បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្លូវបេតុងទាំង២ខ្សែដែលកំពុងធ្វើការស្ថាបនានេះទី១ផ្លូវលេខ៣១៩A ខាងមុខសាលាក្រុងបាវិតបំបែកពីផ្លូវជាតិលេខ១ឆ្ពោះទៅមាត់ច្រកទ្វារព្រំដែនមានបណ្តោយប្រវែង១៨៥០ម៉ែត្រទទឹង ១០ម៉ែត្រ កម្រាស់២០ សង់ទីម៉ែត្រ។ ទី២ ផ្លូវលេខ ៣១៩B (ផ្លូវកំពង់ស្ពាន)ចាប់ពីចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ១ខាងមុខផ្សារអន្តរជាតិឆ្ពោះទៅច្រកទ្វារព្រំដែនមានបណ្តោយប្រវែង១៦៧០ម៉ែត្រទទឹង៨ម៉ែត្រកម្រាស់២០សង់ទីម៉ែត្រដែលគ្រោងនឹងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅឆ្នាំខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្រុងបាវិតនាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនទំនិញចេញចូលក្នុងប្រទេសនិងទៅក្រៅប្រទេសគឺមានសភាពធម្មតាទោះបីសព្វថ្ងៃប្រទេសយើងស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយតែសេដ្ឋកិច្ចនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងក្រុងបាវិតក៏ដូចជាក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនៅបើកដំណើរការជាធម្មតាដែលបានបង្កើតទីផ្សារការងារជាច្រើនដល់កូនចៅបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត ក្រៅខេត្តមានប្រាក់ចំណូលព្រមទាំងអាចកាត់បន្ថយជីវភាពក្រីក្រនៅតាមគ្រួសារហើយជាពិសេសគឺកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានគ្មានគោលដៅច្បាស់លាស់ដែលជាហេតុបង្កជាហានិភ័យសំរាប់ខ្លួនឯង គ្រួសារនិងសង្គមថែមទៀតផង៕ ដោយ ៖ ភក្តី