គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជិត៧១% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ខេត្តកំពង់ស្ពឺ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ ៧០.៩៣%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

នេះបើយោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការសាងសង់ក្នុងឱកាសដែលឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ កាលពីចុងសប្តាហ៍នេះ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេសត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីបានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក ឯកឧត្តម យិត បុណ្ណា ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងបានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេល ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤.៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០.៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួន៥ម៉ោងថយមកត្រឹមតែ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕