អភិបាលខេត្តប្រគល់ប្រាក់មរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនជូនគ្រួសារសព លោក រោជ ចក់ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងមណ្ឌលគិរី និងលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច បានអញ្ជើញចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងប្រគល់ប្រាក់មរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារសព នៅគេហដ្ឋានរបស់សពស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

សូមបញ្ជាក់ផងដែរថា លោក រោជ ចក់ មានតួនាទីជាប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ យ៉ូកណាមរ៉ាម នៃមន្ទីរបរិស្ថានខេត្ត បានទទួលមរណភាពដោយគ្រោះថ្នាក់ចររាចរណ៍ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧.៣០នាទី នៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា៕ ដោយ ៖ ផល្លិត ហៅរ៉ា