
ប្រទេស G7 ព្រមានថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងនរ បើហ៊ានវាយប្រហារលើអ៊ុយក្រែន
ឡុងដ៍ ៖ ក្រុមប្រទេស G7 បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីត្រូវប្រឈមមុខនឹងផលវិបាកដ៏ធំ និងការចំណាយធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ហ៊ានវាយប្រហារមកលើអ៊ុយក្រែន។
ទីភ្នាក់ងារស៊ើបការរបស់អាមេរិក បានវាយតម្លៃថា រុស្ស៊ីអាចនឹងរៀបចំផែនការវាយលុកពហុជួរមុខលើអ៊ុយក្រែន នៅដើមឆ្នាំក្រោយ ដែលមានទាហានរហូតដល់ ១៧៥.០០០ នាក់។
ក្នុងកិច្ចប្រជុំមួយនៅទីក្រុង Liverpool ភាគខាងជើងនៃប្រទេសអង់គ្លេស ប្រតិភូក្រុមប្រទេស G7 បាននិយាយថា ពួកគេបានរួបរួមគ្នាក្នុងការថ្កោលទោសលើការកសាងមូលដ្ឋានយោធារបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន ហើយពួកគេបានអំពាវនាវឱ្យទីក្រុង ម៉ូស្គូ កាត់បន្ថយកំណើននៃយោធារបស់ខ្លួនទាំងអស់នេះផងដែរ។ ទន្ទឹមនោះ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតរុស្ស៊ី នៅទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា ការប្រើឃ្លាថា ការឈ្លានពានរបស់រុស្ស៊ី ជាញឹកញាប់របស់ចក្រភពអង់គ្លេសក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុង Liverpool គឺជាការបំភាន់ និងការបង្កើតឡើង ដើម្បីបង្កជាបញ្ហាដល់រុស្ស៊ីប៉ុណ្ណោះ ពីសំណាក់ក្រុមប្រទេស G7 ។
សូមជម្រាបថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងនៅពេលដែលយោធារបស់រុស្ស៊ីបានកសាងមូលដ្ឋាន និងបង្កើនចំនួនយោធារបស់ខ្លួនកាន់តែច្រើនឡើងៗ នៅជិតព្រំដែនជាមួយអ៊ុយក្រែន៕