រដ្ឋមន្ត្រីទេសចរណ៍ជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ ខណៈភ្ញៀវចុងសប្តាហ៍ទី២ខែធ្នូកើនឡើង

ភ្នំពេញ ៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់, រាជធានីភ្នំពេញ ២៨,៨៤៤ នាក់, ខេត្តកំពត ២៧,០៤១ នាក់, ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់, ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់, ខេត្តសៀមរាប ១៩,១៦៣ នាក់, ខេត្តបាត់ដំបង ១៣,៨៥០ នាក់, ខេត្តកែប ៧,២៣៦ នាក់ និងខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។

ជាការកត់សម្គាល់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តួលេខខាងលើមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

មន្ទីរទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងខិតខំជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របពេលដែលក្រសួងទេសចរណ៍ក៏បានកំពុងតាមដានការគ្រប់គ្រងគោលដៅទេសចរណ៍ធំៗទាំងបី គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ត្រូវបន្តរៀបចំអាជីវកម្មខ្លួនឱ្យមានគុណភាពល្អ សម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល២០២២ខាងមុខនេះ៕