អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្ថាបនាអគារតេជោព្យាបាលជំងឺកូវីដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគររូបនីកម្មសំណង់ និងសូរិយោដីខេត្ត រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតែងគិតគូរអំពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនដែលបានកើតជំងឺកូវីដ-១៩ គឺមានអគារសម្រាកព្យាបាលធំទូលាយ មានបរិយាកាសល្អងាយស្រួលក្នុងការផ្តល់សេវាព្យាបាលដល់អ្នកជំងឺ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញទៅដល់ក្រុមការងារត្រូវពន្លឿនការសាងសង់ ធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ និងដាក់ដំណើរការព្យាបាលជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខនេះ។

សូមជម្រាបជូនថា អគារតេជោព្យាបាលជំងឺកូវីដ១៩ មានទំហំបណ្ដោយ៩០ម៉ែត្រ និងទទឹង៣៣ម៉ែត្រ។

នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាកែលម្អសួនច្បារ៧មករា និងសួនច្បារកូនសោរ ដែលក្រុមការងារបាន និងកំពុងមមាញឹកក្នុងការស្ថាបនាធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅបំណាច់ឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការចុះពិនិត្យ និងពន្លឿនដល់ក្រុមការងារស្ថាបនា ដើម្បីធ្វើយ៉ាងណាឱ្យការស្ថាបនាមានគុណភាព ស្របតាបបទដ្ឋានបច្ចេកទេស និងបានឆាប់រួចរាល់ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជាពិសេស ដើម្បីកែលម្អសោភ័ណភាពរបស់ក្រុងព្រះសីហនុ ខណៈពេលដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត សួនច្បាររង្វង់មូលតោពីរ សួនទីលានតេជោ និងតាមតំបន់ឆ្នេរបានរៀបចំល្អស្អាត ដូច្នេះរដ្ឋបាលខេត្តនឹងបន្តការស្ថាបនាសួនច្បារផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យក្រុងព្រះសីហនុ កាន់តែមានសោភ័ណភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង៕ ដោយ ៖ ទឹង សុភាព