អ្នកគ្រូ និងសិស្សានុសិស្សនៅមណ្ឌលកុមារកំព្រាខេត្ដស្វាយរៀងទទួលអំណោយពីសប្បុរសជននៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ លោក គីម ផៃ តំណាងលោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារ ណារីស្វីត សិ្ថតនៅក្រុងបាវិត ខេត្តស្វាយរៀងនៅរសៀលថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១នេះ បាននាំអំណោយរបស់លោកស្រីយកមកចែកជូនដល់លោកអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សសរុបចំនួន៥០នាក់ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។

លោក គីម ផៃ បានមានប្រសាសន៍ឲ្យដឹងថាៈ កន្លងមកដោយមើលឃើញការលំបាករបស់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ទាំងនោះមានការខ្វះខាត ទើបលោកស្រីបានយកអំណោយ និងថវិកាមួយចំនួនមកចែកជូនដល់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រាលនិងបានរំលែក ការលំបាកខ្វះខាតរបស់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ទាំងអស់បានមួយរយៈខ្លីផងដែរ ។

លោក គីម ផៃ ក៏បានសំណូមពរដល់អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់សុខាភិបាល (៣កុំ ៣ការពារ ២ចូលរួម) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស និងមណ្ឌលកុមារកំព្រា ទទួលបានអំណោយមាន ៖ អង្ករ១តោនស្មើ៤០បេតូច ,មី៥កេសធំ ,ទឹកត្រី១០យួរ ,ទឹកស៊ីអ៊ីវ១០យួរ, ត្រីខកំប៉ុង១០យួរ, សារ៉ុង, ភួយ សៀវភៅ, ប៊ិច និងថវិកា៣លានរៀលថែមទៀតផង៕ ដោយ ៖ ភក្តី