អភិបាលរងខេត្តស្វាយរៀងអញ្ជើញជួបជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយផលប៉ះពាល់ការពង្រីកផ្លូវនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ការពង្រីកផ្លូវនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនៅក្នុងពិធីនេះមាន លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានការិយាល័យភូមិបាល ក្រុង លោកចៅសង្កាត់ ព្រមទាំង ប្រជាពលរដ្ឋដែលមានការប៉ះពាល់ ដីចំណីផ្លូវ ជាច្រើនគ្រួសារផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍនៅតាមទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយ ដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាពស្រស់បំព្រង រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះដែរ។

លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា រាល់ការសាងសង់សំណង់រឹងត្រូវតែសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ហើយចំពោះសំណង់ធម្មតាក៏ត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការរុះរើសំណង់ទាំងនោះជៀសវាងការខូចខាត ជាយថាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋយើងខាតបង់នូវថវិកា ខាតទាំងពេលវេលា និងខូចទាំងសំណង់ទាំងនោះថែមទៀតផង។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដើម្បី កុំឲ្យមានជំងឺដង្កាត់ផ្សេងៗ ជាពិសេស គឺជំងឺកូវីដ១៩ នេះតែម្តង ដោយត្រូវចូលរួម អនុវត្ត វិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ គឺ ៣ការពារ ៣កុំ និង២ចូលរួម។

សូមបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុខនេះ ភូមិចុងព្រែកសង្កាត់ស្វាយរៀង រដ្ឋបាលខេត្តនឹងធ្វើការស្ថាបនាផ្លូវក្រាលបេតុងអាមេមួយខ្សែ មានប្រវែងជាង៨០០ម៉ែត្រ ដោយផ្លូវមួយខ្សែនោះ គិតទាំងតួផ្លូវ និងចំណីផ្លូវមានទទឹងសរុប២០ម៉ែត្រ សម្រាប់ជាចំណងដៃថ្មីដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ ក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង៕ ដោយ ៖ ភក្តី