អាជ្ញាធរខេត្តកំពតប្រើធម៌ក្តៅ ចុះរុះរើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋចំណីព្រែកក្បាលរមាស ក្នុងស្រុកទឹកឈូ

ខេត្តកំពត ៖ របងថ្មដ៏រឹងមាំដែលគេលួចរៀបចាក់គ្រឹះនៅក្បែរដងព្រែកក្បាលរមាស ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្តដឹកនាំកម្លាំងចម្រុះចុះទៅរុះរើយកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោមបង្គាប់បញ្ជារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

ប្រតិបត្តិការនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត និងមានការចួលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីគ្រប់ជំនាញ។

ចំពោះប្រតិបត្តិការដឹកនាំកម្លាំងចម្រុះ រុះរើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋនេះ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន ដាច់ខាតត្រូវតែរុះរើសំណង់ខុសច្បាប់ ពិសេសសំណង់ដែលសង់រំលោភចូលក្នុងដីរបស់រដ្ឋ ឬសំណង់ប៉ះពាល់ដីចំណីព្រែកជាដើម។

យ៉ាងណាក៏ដោយ ជុំវិញនឹងការរុះរើសំណង់មិនស្របច្បាប់នៅជាប់ចំណីព្រែកក្បាលរមាសនេះ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ក៏បានបញ្ជាក់ដែរថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីការចាក់ដី និងធ្វើរបងថ្មទន្ទ្រានយកដីរដ្ឋស្ថិតក្នុងភូមិសាស្ត្រខាងលើ លោកក៏បានបញ្ជាកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទៅហាមឃាត់ឱ្យបញ្ឈប់សកម្មភាព ប៉ុន្តែម្ចាស់សំណង់នៅតែបន្តលួចធ្វើ ទើបរដ្ឋបាលស្រុកបានចេញលិខិតជូនដំណឹងដល់ម្ចាស់សំណង់ឱ្យរុះរើចេញចំនួន៣លើកមកហើយ ប៉ុន្តែម្ចាស់សំណង់មានចេតនារឹងរូស ទើបអាជ្ញាធរប្រើធម៌ក្តៅបែបនេះតែម្តង។

សូមបញ្ជាក់ថា របងថ្មដ៏រឹងមាំប្រវែងជាង៥០០ម៉ែត្រ ស្ថិតជាប់ដងព្រែកក្បាលរមាស ក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំកម្លាំងចម្រុះរុះរើចេញ ដោយប្រើគ្រឿងចក្រចំនួន៣គ្រឿង។ លោកអភិបាលស្រុកទឹកឈូបានអះអាងថា ផ្នែកខ្លះនៃផ្ទៃដីនៅភូមិសាស្ត្រខាងលើ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ប៉ុន្តែចំពោះការចាក់ដី ឬធ្វើរបងនៅទីនេះ ម្ចាស់សំណង់មិនបានសុំច្បាប់ពីរដ្ឋបាលដែនដីឡើយ។

ជាមួយនឹងចំណាត់ការដ៏ក្តៅនេះ មហាជនបាននឹងកំពុងអបអរសាទរ ហើយសង្ឃឹមថា អភិបាលខេត្តកំពតថ្មី ម៉ៅ ធនិន នឹងប្រើកណ្តាប់ដៃដែកបំបែកសំណុំរឿងក្តីក្តាំងធំៗជាច្រើនទៀត ពិសេសចាត់ការដល់ជនឆ្លៀតឱកាសដែលលួចបន្លំបំពារបំពានដីរបស់រដ្ឋបន្តទៀត ៕ ដោយ ៖ ទ្រី ហៀន